រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)
ជំពូកទី២
រំលងប៉ុន្មានខែនោះមក ក្រោយពេលដែលលោក សួនវិលត្រឡប់មកធ្វើការឯភ្នំពេញ នាង សូយា នៅតែម្នាក់ឯងឯស្រុកសិរីសោភ័ណ នាងឆ្លងទនេ្លបានបុត្រប្រុសមួយរូបល្អឆើតឆាយ គួរឱ្យចេតនាពេកណាស់នៅពេលប្រកក់ឆ្មបនាងសន្មត់នាមកូននាង ហៅថា សូផាត។
ឱ ! យើងភេ្លចនឹងនិយាយឱ្យច្បាស់លាស់ រឿងនាង សូយាកំព្រា នាង សូយា ដូចអស់លោក អ្នកជ្រាបបន្ដិចមកហើយជាស្ដ្រីកំព្រា ឥតមានមាតាបិតាគ្រប់គ្រងរក្សានាងទេ។ ឪពុកម្ដាយនាងពីដើមជាអ្នករកសុីធ្វើសិកម្មមានទ្រព្យសម្បតិ្ដសមគួរ ។ កាលដែលនាង សូយា នៅកុមារី មានមួយឆ្នាំនោះជារដូវរាំងខ្លាំងណាស់ ។ នៅក្នុងស្រែដីគោកទាំងអស់ រកទឹកដក់បន្ដិចគ្មាន ។ ស្រូវដែលស្ទូងហើយក៏ងាប់អស់ឥតសល់ ។ វេលានោះ ឪពុកនាង សូយា កំពុងមានជំងឺឈឺទុរន់ទុរា វេទនាគ្រូឯណាៗ មើលពុំបានសះ ស្បើយឡើយ ។
ហេតុតែកុសលផលកម្មសាងក្រាសពីមុនមក ឪពុកនាងក៏ទទួលអនិច្ចកម្មទៅ ។ វេលានោះ នាង សូយា និងមាតា កើតទុក្ខសោកសងេ្រងសង្រៃអាឡោះអាល័យក្រៃពេក ស្ដាយរូបបុគ្គលដែលត្រូវជាឪពុកនិងប្ដី នឹងរករបស់អ្វីដែលមានតម្លៃក្រាស់ក្រៃយកមកផ្ទឹមពុំបានឡើយ ។
តាំងពីបុរសប្ដីក្ស័យជីវិតទៅថ្ងៃណា អ្នកជាមាតានាង សូយា មិនត្រឹមតែព្រួយនឹងបុរសប្ដីប៉ុណ្ណឹងទេ ថែមមកកើតទុក្ខម៉្យាងទៀតដោយទ្រព្យសម្បតិ្ដក្នុងផ្ទះរលាយអស់ ព្រោះខ្លួនបានចាយវាយទិញថ្នាំសង្កូវ ថែរោគប្ដីឈឺជាប់ជាយូរខែ ។ របរដែលធ្លាប់រកបានផលទាំងប៉ុន្មានក៏ទៅជាពុំបាន។ កើតទុក្ខនឹងខ្សត់ធនធានជាការទ្រាំបានទេ ឯកើតទុក្ខនឹងព្រាត់សង្សារ គាប់ចិត្ដចេញពីខ្លួនជាទុក្ខវេទនាខ្លាំងពន់ពេកណាស់ ។ ជនដែលមានចិត្ដទន់ជួនកាលទៅជាឆ្កួតលេលាក៏មានជួនកាលទៅជាកើតទុក្ខរីងរៃលុះក្ស័យជីវិតក៏មាន ។ ឯមាតានាង សូយា ណាមួយព្រួយនឹងប្ដី ណាមួយព្រួយនឹងបង់ធន ធានដោយមិនបានស្វែងរកព្រះធម៌សងេ្វគមកដាស់តឿនចិត្ដអ្នកក៏មានទុក្ខខ្លាំងពេកណាស់ទៅទៅជាឈឺ ។
គួរឱ្យអនិច្ចាដល់ សូយា ស្ដ្រីណាស់ ! ឪពុកនាង ស្លាប់មិនទាន់បានប៉ុន្មានខែផងស្រាប់តែម្ដាយនាងមានជំងឺឈឺមកទៀត ។ បើក្រៅអំពីនាងកម្រមានស្ដ្រីឯណា អាយុដប់ពីរឆ្នាំ ចេះមើលថែរក្សាទ្រព្យសម្បតិ្ដ បីបាច់រក្សាជំងឺអ្នកមានគុណដូចនាងទេ ។ ម្ដាយនាងឈឺពេញដប់ពីរខែស្រែនាង ទាំងប៉ុន្មាននាងលក់មើលរោគម្ដាយអស់ ប៉ុន្ដែរោគនេះពុំបានជាស្រឡះឡើយ បន្ដិចឃើញថាគ្រាន់បើបន្ដិចរឹតឡើងវិញ ។
ថ្ងៃមួយជំងឺឈឺរឹតតែខ្លាំងឡើង នាងមានសេចក្ដីភិតភ័យជាខ្លាំងបន្ដិចមកជំងឺនោះលោបែរជាស្រួលវិញ ស្រួលលើសពីដើមផង នាងនចិត្ដតេ្រកអរអនេកពេក ភេ្លចគិតធៀបមើលនឹងពន្លឺភ្លើងចង្កៀងបេ្រងកាតវេលាដែលនឹងអស់បេ្រង ដែលមានអណ្ដាតតិច ហើយមុននឹង រលត់ស្ងាត់សូន្យបែរជាមានសន្ទុះ ភ្លឺខ្លាំងមួយភ្លែតគួរឱ្យជឿជាក់ថាលែងរលត់វិញ ។ ប៉ុន្ដែសេចក្ដីសង្ឃឹមនៅមិន មានយូរអង្វែងទេ ។ ចង្កៀង គ្មានបេ្រង ឱ្យឆេះឯណាបាន ? ម្ដាយនាង សូយា បនិ្ដចមកខ្យល់កម្មជ្ជវាតវាយជីវិតស្លាប់មួយរំពេច ។
ពុទ្ធោ ! ពុទ្ធោ ! ឱគួរឱ្យអាសូរនាង សូយា ណាស់ ។ នាងយំសោកបោកខ្លួនមានទុក្ខវេទនាជាខ្លាំង ។ តាំងតែអំពីថ្ងៃនោះមក នាងទៅជាកុមារីកំព្រាឥតញាតិមួយ ។
ក្រោយមកនាងចូលទៅជ្រកកោនពួនអាត្មា នៅផ្ទះអ្នកជិតខាងម្នាក់ ដែលជាអ្នកមានធម៌សប្បុរស ។ លុះអាយុដប់ប្រាំពីរឆ្នាំលោកចៅហ្វាយ សួន បាននិយាយលួងលោមនាង លួចប្រតិព័ទ្ធដោយចិត្ដនឹងចិត្ដ ។ នាង សូយា នឹង សង្ឃឹមញញឹទុក្ខថាខ្លួនទៅមុខនឹងបានគ្រាន់បើ ពីព្រោះនាងជឿជាក់ពាក្យលោក សួនពិរោះឈ្ងុយឆ្ងាញ់ចុកក្នុងត្រចៀកនាង ។
ស្ត្រីក្មេងល្ងង់ទាំងឡាយអើយ ! លោកអ្នកអានប្រហែលជ្រាបយល់បនិ្ដចហើយ រឿងនាង សូយា ក្រោយដែលយើងពណ៌នាយ៉ាងខ្លីមក ។
ឥឡូវយើងសូមថ្លែងត ក្រោយដែល នាងសម្រាលបានកូនប្រុសរូបល្អសមសួន។ គ្រប់តែមាតាក្នុងលោក កូនរបស់ខ្លួនជាទ្រព្យថ្លៃវិសេស ដែលមិនចង់ឱ្យរបេះឃ្លាតពីខ្លួន នាង សូយា ក៏ជាមាតា ដូចមាតាឯទៀតដែរ ប៉ុន្ដែចិត្ដសេ្នហានាងលើរូបទារកច្រើនខ្លាំងលើសចិត្ដមាតាឯទៀតបនិ្ដច ។ កូននាង គឺឪពុកនាង កូននាងគឺម្ដាយនាង កូននាងគឺសង្សារនាង គឺពីព្រោះតែនាងបានកូននេះហើយ បានជានាងភេ្លចគិតពីខ្លួននាង ព្រាត់ឪពុក ព្រាត់ម្ដាយ ព្រាត់សង្សារ នៅឯកាអនាថាកណ្ដាលលោកនេះ ។ តាំងតែគេផ្លាស់លោក សួន ទៅភ្នំពេញវិញ នាង សូយា មិនដែលបានទទួលសំបុត្រអ្វីមួយបន្ទាត់សោះ នាងក៏រាំនៅតែម្នាក់ឯងនឹងកូន ។
គាប់ជួនជាវេលាមួយស្ងាត់នាងដាក់កូនផេ្ដកក្នុងអង្រឹងច្រៀងបំពេរ ។
សូផាត កូនអើយគេងទៅ | កូនពៅអាណិតតែមាតា |
ព្រួយចិត្ដខ្លាំងណាស់ព្រោះឪបា | ចោលម្ដាយកំព្រាតែនឹងថ្លៃ។ |
មិនដឹងកាលណាគេនឹកមក | ឃើញមុខពន្លកកូនពិសី |
បើមិនមកទេម្ដាយនឹងក្ស័យ | រស់នៅធ្វើអ្វីអសោចិ៍កេរ្ដិ៍។ |
បើមិនមកទេម្ដាយនឹងស្លាប់ | ចោលប្រុសសំណាប់អ្នកមាសមេ |
អាសូរកូននៅតូចម្លេះទេ | ធ្វើមេ្ដចបុពេ្វពីពេ្រងនាយ ។ |
រស់នៅធ្វើអ្វីរស់ឥតភ័ព្វ | ស៊ូស្លាប់នៅគាប់រូបរលាយ |
ទុក្ខនឹងរលត់បាត់ពីម្ដាយ | សមម្ដាយនឹងឆ្ងាយៗពីថ្លៃ ។ |
បើកុំតែម្ដាយបានប្រុសស្ងួន | រម្ងាប់ផ្ទួនៗ ទុក្ខម្ដាយក្រៃ |
កុំអីម្ដាយអ្នកនឹងប្រល័យ | ជនឱ្យក្សិណក្ស័យឥឡូវហើយ ។ |
សូផាត អ្នកគេងលក់ញញឹម | ញញឹមដូច្នេះទុក្ខម្ដាយស្បើយ |
ញញឹមទៀតទៅពៅម្ដាយអើយ | ឱកូនមេ្ដចឡើយចង់យំអី ។ |
បាទ នៅពេលដែលនាងនិងច្រៀងបពា្ចប់ឃ្លាខាងក្រោយ ទារកដែលកំពុងដេកលក់ញញឹម ប្រែជាចង់យំវិញ ។ នាងហៀប តែនឹងលើកស្ទុះត្រកងលើកកូនបី ស្រាប់តែកូនខ្ចីលែងយំវិញ បែរជាដេកលក់ស្រមុកព្រងើយ ។ នាងយោលកូននឹកសព្វគ្រប់ទឹកភ្នែកហូរសស្រាក់ធ្លាក់មកលើកនេ្ទលសញ្ជឹងងសពា្ជប់ ភេ្លចស្មារតីលុះតែកូនខ្ចីស្រែកយំឡើង ។ ម្ដងនេះកូនយំមែនទែន ទើបនាងដឹងខ្លួន លើកត្រកងទារកដាក់លើដៃអង្រួនលួងលោមបន្ថែមសព្វគ្រប់ ។
ក្សិណនោះ ស្រីម្នាក់បានឡើងមកឱ្យដំណឹងនាងថា សង្សារនាង គេមានប្រពន្ធថ្មីទៀតហើយ ។ សូយា គ្រាន់តែឮពាក្យប៉ុណ្ណឹង ស្រែកទ្រហោយំមួយរំពេចនាងគក់ទ្រូងផូងគμានប្រណី អ្នកស្ទះឈាមរត់ក្នុងសរសៃទន់ក្បាលជង្គង់ទៅជាខ្យល់គចាប់ដួលស្រ៊បភ្លាម ។
ពុទ្ធោអើយ ! នៅក្នុងលោកយើងនេះ មនុស្សមានច្រើនអ្នកណាស់ ដែលបានធ្វើបាបស្ដ្រីក្រមុំស្ដ្រីខ្លះក៏ទទួលកម្មដូចគ្នា ខ្លះក៏ខុសពីគ្នា ។ ប្រុសខ្លះ ទៅបង្ខូចកូនក្រមុំ គេគ្រាន់តែជាល្បែងបនិ្ដចបោះបង់គ្នាចោលចេញ ស្រី្ដនោះទៅជាអសោចិ៍កេរ្ដិ៍ ត្រូវពាក្យដំនៀលគេដៀលគ្រប់មាត់ ។ មេបា បងប្អូនឈប់រាប់អាន ។ សេចក្ដីកំហឹងចូលមកដល់ ហើយដោយសារខ្លួនជាស្ដ្រីខ្ចីគំនិតគិតមិនវែង ក៏បណ្ដោយខ្លួនទៅជាតែលតោល ដើរលេងសើចខូចលក្ខណ៍ ។ ខ្លះទៅជាឈឺរីងរៃ ខ្លះទៀតបំផ្លាញជីវិតបង់ ។
វេលាដែលខ្យល់គចាប់នាង សូយា ដួលស្រុងទៅលើព្រះធរណី អ្នកស្រុកផ្អើលឆោឡោរត់ច្រវាត់ មកជួយយកអាសានាង ខ្លះចាប់ខ្យល់ ខ្លះកោស ខ្លះឱ្យថ្នាំហិត បនិ្ដចមកនាងមានកម្លាំងងើបដើរបាន ។ គួរអាសូរនាងណាស់ ! ជំហានដែលនាងបោះឈានមួយៗមានដំណើរ ឃេ្លងឃ្លោង គន់មើលទៅមុខនាង ខ្មៅអែ ទឹកភ្នែកហូររហាម ។
កម្មអើយ ! នាង សូយា តាំងតែពីថ្ងៃដែលខ្យល់ចាប់ នាងមានជំងឺមួយមកចាប់នាងជាប់គឺ ទឹកដោះនាងលែងចេញ ដៃជើងនាងហើមបរិភោគ អាហារអ្វីពុំបាន ។ ចាស់ៗ ក្នុងភូមិដឹងរាល់គ្នាថានាងឈឺទាស់ ។ សូផាតកូននាង នាងឱ្យគេចិញ្ចឹមជួសនាង ។
លុះប៉ុន្មានខែក្រោយមក នាងក៏លាចាកឋានលោកយើងទៅ, អ្នកស្រុកដែលជាអ្នកមានធម៌សប្បុរស នាំគ្នាបូជាសពនាង សូយា ហើយទំនុកបំរុងចិញ្ចឹម សូផាតកូនកំព្រាបនិ្ដចម្នាក់ៗឡើង ។ កុមារក៏បានរស់ជន្មដោយអំណាចមេត្ដាធម៌នៃសាធុជនទាំងឡាយ ។
សូផាត អាយុបានប្រាំបីឆ្នាំ អ្នកស្រុកគេយកទៅប្រគេន លោកក្នុងវត្ដ ។ ភិក្ខុទាំងប៉ុន្មាននឹងស្រុះស្រួលគ្រប់អង្គជួយចិញ្ចឹមនឹងបង្រៀន សូផាត ពុំដែលជិនណាយវេលាណាឡើយ ។ កុមារក៏ជាកេ្មងប្រកបដោយប្ញកពាវិសេសជាងអស់ទាំងកេ្មង ។ កិច្ចដែលបម្រើលោកទាំងប៉ុន្មាន សូផាត ប្រព្រឹត្ដឥតឆ្គងកន្លែងណាសោះ ។ ការសិក្សារទាំងប៉ុន្មាន កុមារឧស្សាហ៍ព្យាយាមមិនចេះខ្លាចនឿយមិនចេះខ្លាចហត់ ។ បទគួរសមនិង ឧបាសក ឧបាសិកាចាស់ព្រឹទ្ធាចារ្យ កុមារធ្វើកិរិយាឱ្យបានជាទីគាប់ចិត្ដគ្រប់ៗគ្នា ។ អ្នកណាដែលបានស្គាល់លោក សួន តែងតែនឹកថា
ស្លឹកឈើជ្រុះមិន ដែលឆ្ងាយពីគល់ទេ ។
សូផាត អាយុបានដប់ពីរឆ្នាំ ។ ថ្ងៃមួយកុមារចូលទៅជិតលោកគ្រូ ថ្វាយបង្គំរួចទើបទូលថា
ព្រះករុណាចង់ទៅស្គាល់ក្រុង ភ្នំពេញណាស់ ក្រែងបានឃើញមុខឪពុកព្រះករុណា ព្រះករុណាសូម ថ្វាយបង្គំលាព្រះតេជគុណ។
យី ! សូផាត ឯងទៅមេ្ដចបាន ក្រុងភ្នំពេញធំណាស់ ឯងនឹងវងេ្វងបាត់ជាមិនខាន ។
ព្រះករុណា ព្រះករុណាដឹងជាក់ច្បាស់ថា ក្រុងភ្នំពេញធំមែនហើយ ប៉ុន្ដែ ព្រះករុណាដឹងជាក់ទៀតថា ព្រះករុណានឹងមិនវងេ្វងទេ
លោកគ្រូ គង់ស្ងៀម គិតមួយស្របក់ ។ លោកមិនហ៊ានស្ដីបន្ទោសសិស្សលោក ដែលចចេសទៅភ្នំពេញនោះទេ ពីព្រោះលោកជ្រាបជាក់ថាគំនិត សូផាត ចង់ទៅភ្នំពេញនេះល្អណាស់ លោកគ្រូមានព្រះទ័យចង់ឱ្យ សូផាត ជួបនឹងឪពុក នឹងបានរៀនសូត្រចំណេះជ្រៅជ្រះទៅទៀត ។ លោកមិនបន្ទោស កុមារកំព្រាដែលប្រកែកថាមិនវងេ្វងនោះទេ ពីព្រោះលោកបានសងេ្កតប្រាជ្ញាសិស្សលោកសព្វគ្រប់ហើយ ។
លោកមានពុទ្ធដីកាថាះ
អញមិនទទឹងគំនិតឯងទេ ឪពុកបាពិតមែន តែមិនបានចិញ្ចឹមបីបាច់រក្សាបាមក ប៉ុន្ដែធម៌លោកសម្ដែងមក ថាធម្មតាឪពុកសឹងតែមានគុណលើកូន បើដូច្នេះឯងទៅរកលោកចុះ ។ បើបាទៅដល់ក្រុងភ្នំពេញ ចូរឯងកុំភេ្លចចូលទៅវត្ដឧណ្ណាលោមសិនទៅ សូមជ្រកនឹងព្រះសង្ឃទំរាំបានរកឪពុកបាឃើញ ។ អញមានសម្លាញ់អញមួយអង្គនៅវត្ដនោះ ព្រះនាម ប៉ក់ ងារជាបាល័ដ្ឋ ។ មិនអីទេសឹម អញសរសេរសំបុត្រមួយឱ្យ។ នែចៅ ! អញរំពឹងមើលទៅ បើជាវេលាណាបាបានទៅជួបនឹងឪពុកបាន ឪពុកបាច្បាស់ជាឱ្យបានរៀនវិជ្ជាសំខាន់ៗអ្វី ហើយបើដូច្នេះ ចូរបាចាំស្ដាប់ពាក្យអញនឹងទូន្មានជាអវសានកាលនេះ ។
នាង ! ឪពុកម្ដាយគឺដើមគោលគោរពនៃយើងនៅក្នុងលោកនេះអ្នកត្រូងតែគោរពលោក ដូចអ្នកគោរពព្រះពុទ្ធអង្គ ។
នាង ! ទ្រព្យដែលមានតម្លៃបំផុត គ្មានអ្វីជាជាងចំណេះទេ ចូរអ្នករកទ្រព្យនេះឱ្យបាន ។
ប្រពន្ធដែលល្អបំផុត គឺប្រពន្ធដែលស្រឡាញ់នាង កាលនាងកំពុងក្រលំបាក ។
ពាក្យអញខ្លីៗនេះឯងដែលមានប្រាជ្ញាវៃវាងច្រើន ល្មមគិតឃើញ វែងឆ្ងាយហើយ ។
មានព្រះពុទ្ធដីកាតែប៉ុណ្ណោះ លោកគ្រូខ្វៀកកូនសំបុត្រមួយ ទើបលោកនិមន្ដទៅចាក់ទូតូចយកក្រដាសប្រាក់រៀល និងកូនកពា្ចប់តូច មួយហុចឱ្យ សូផាត
នាង ! នេះសំបុត្រឯងយកទៅប្រគេនលោក បាល័ដ្ឋ ប៉ក់ នេះសោហ៊ុយឡាន នេះទៀតគឺ ចិញ្ចៀនកេរ្ដិ៍ម្ដាយឯង ទ្រព្យកេរ្ដិ៍នេះ ខ្មោចម្ដាយឯងមុន នឹងស្លាប់បានផ្ដាំឱ្យឯងទុកឱ្យជាប់នឹងខ្លួន។
កុមារទទួលសំបុត្រនឹងប្រាក់សេ្រច ទើបទទួលចិញ្ចៀនទៀត ។ សូផាត កាន់ចិញ្ចៀននៅដៃ នឹកមមៃដល់រូបមាតាដែលចាកស្ថានបាត់ ហើយដែលខ្លួនឥតដែលបានស្គាល់មុខសោះទើបយំង៉ក់ៗមួយរំពេច ។
លោកគ្រូដោយលោកមានសេចក្ដីសងេ្វតច្រើនលើរូប សូផាតលោកក៏ជូតទឹកព្រះនេត្រលោកដែរ ទើបមានព្រះដីការថា៖
សូផាត! នេះគឺកម្មរបស់ឯង ស្អែកនេះឯងទៅចុះអញឱ្យពរឯងឱ្យ បានសមេ្រចដូចសេចក្ដីប្រាថ្នា ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)