រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)
ជំពូកទី១
លោក សួន ចៅហ្វាយស្រុក ស្រុកសិរីសោភ័ណ ជានាហ្មឺនប្រកប ដោយរូបឆោមល្អឆើតឆាយ សមសួននឹងតម្រេះវិជ្ជា លោកអាយុទើបតែ ២៣ ឆ្នាំទេ ប៉ុន្ដែលោកបានមកកាន់កាប់ស្ដីទីរាជការចំនួនពីរឆ្នាំហើយក្នុងស្រុកសិរីសោភ័ណនេះ ។ លោកមិនបានដណ្ដឹងស្ដ្រីឯណាមួយធ្វើជាគូគាប់ចិត្ដសោះ ប៉ុន្ដែរាស្ដ្រទាំងពួងដឹងជាក់ថា លោកបានទៅរួមរ័កដោយលាក់កំបាំងនឹងស្រី្ដកំព្រា ម្នាក់ឈ្មោះ នាង សូយាចំនួនប្រាំពីរខែហើយ ។
ថ្ងៃមួយលោក សួនបានទទួលសំបុត្រពីរាជការធំដែលនៅភ្នំពេញ ផ្លាស់លោកទៅទីក្រុងដើម្បីទៅកាន់កាប់ទីរាជការថ្មីទៀត ។
លោក សួន គិតថា ខ្លួនអើយ ! មកនៅស្រុកនេះចំនួនពីរឆ្នាំហើយ ឃ្លាតចេញពីក្រុងភ្នំពេញ ដែលជាស្រុកកំណើតរបស់ខ្លួន ហើយដែលខ្លួនមិនដែលបានទៅណាមកណាឃ្លាតយូរដល់ម៉្លេះសោះ ! អ្នកម្ដាយមេម៉ាយនៅតែម្នាក់ឯង ឯរាជធានី តែងនឹករលឹកខ្លួនរាល់ថ្ងៃ ។ ការដែលរាជការតម្រូវត្រឡប់ទៅស្រុកវិញជាការប្រសើរណាស់ ។ លោកចៅហ្វាយស្រុកគិតដូច្នេះសេ្រចហើយក៏មានទឹកមុខរីករាយ ។
លោក សួន កំពុងតែនឹកមមៃ សប្បាយចិត្ដដោយបានវិលថ្កានឋាន មាតាស្រាប់តែភ័ក្ដ្រលោកប្រែជាស្រពោនមួយរំពេច ដោយមានគំនិតមួយចូលលុកលុយខួរក្បាលលោក ឱ ! សូយា មាសបងអើយ ! នាងមានផ្ទៃពោះប្រាំខែហើយ បើបងនឹងចាកចោលនាង ដូច្នោះយល់ជាមិនសមគួរឡើយ ឥឡូវបើ នឹងយកនាងទៅជាមួយផង យល់ថាមិនកើតទេ ។ អ្នកម្ដាយកាលដែលខ្លួន ចេញមកនៅស្រុកនេះបានបេ្ដជ្ញាថាកុំឱ្យទៅយកស្រី្ដឯណាធ្វើជាភរិយា ពីព្រោះអ្នកបានដណ្ដឹងកូនគេបញ្ចាំចិត្ដទុកឱ្យហើយ ។ ព្រះអើយ ! មិនដឹងគិតយ៉ាងណាទេ !
លោក សួន យកកន្សែងតូចមួយដែលជាស្នាដៃនាង សូយា ជូតទឹកភ្នែកដែលហូររឹមៗ លោកអញ្ជើញចូលទៅក្នុងបន្ទប់មានដំណើរធេងធោងនឹងពន់ទុក្ខសោកនៅអាត្មា ។
វេលានោះស្ដ្រីម្នាក់ចូលមក ។ នាងនោះមានរូបឆោមលោមពណ៌ល្អ ភាពជាស្រីថៃពាក់កណ្ដាល ស្រីខែ្មរពាក់កណ្ដាល ពោះប៉ោងបនិ្ដ ឱ្យសម្គាល់ដឹងថានាងមានផ្ទៃពោះ ។
លោក សួនឮសូរជើងនាងដើរ ក៏ចេញពីបន្ទប់ភ្លាមស្ទុះទៅឱបនាង និយាយថា
សូយា ! មាសបង កម្មអ្វីរបស់យើងហ្ន៎ !
នាង សូយា ភ្ញាក់ព្រើត ញ័រចំប្រប់សួរសង្សារថា ៖
អ្នកបង មានរឿងអ្វី ចូរប្រាប់ប្អូនផង ?
ប្អូនអើយ ! បងនឹងឃ្លាតចេញពីនាង
ពុទ្ធោ ! ....
រាជការនឹងផ្លាស់បងទៅភ្នំពេញ ប្អូនអើយខ្លួនបងពិតមែនតែនឹងចាកចោលពៅ ប៉ុន្ដែចិត្ដបងប្រាកដជាចាំនៅនឹងអូនកុំកែវនាងព្រួយចិត្ដពេក មិនយូរប៉ុន្មានទេគង់តែបងនឹងវិលថ្កានប្អូនស្រីវិញ បងនឹងលើកនាងឱ្យបានពេញមុខជាពុំខាន ។
អ្នកបងអើយ ! ប្អូនសង្ឃឹមយ៉ាងមាំថា អ្នកច្បាស់ជាមិនភេ្លចពាក្យសន្យាហ្នឹងទេ ។
ទឹកមុខនាង សូយា ក្រៀមក្រំស្រងូតស្រងាត់ គួរឱ្យអាណិតពេកណាស់នាងផេ្ដកក្បាលទៅលើទ្រូងសង្សារ នាងខ្សិកខ្សួលអួលអាក់ហូរធ្លាក់ទឹកនេត្រាទាំងគូរហាម ។ លោក សួន យកដៃមួយចាប់ភ័ក្ដ្រនួននាងផ្ទាប់នឹងឱរាលោក ដៃមួយទៀតអង្អែលកេសាស្ដ្រី ពោលពាក្យល្ហឹមល្ហែម
អូន ! ពាក្យសង្សារកុំកែវគិតសង្ស័យ បងស្បថឱ្យអូនបើបងដោះដៃឈប់អាល័យមិត្ត
នាង សូយា បានសោយសោកញញឹមស្ងួតមុខ ភេ្លចគិតដល់ពាក្យទំនៀម ទឹកហូរមិនដែលហត់ប្រុសស្បថកុំឱ្យជឿ ។
លោក សួន ដោះចិញ្ចៀនត្បូងពេជ្រពីដៃ
អូន ! ស្អែកនេះ បងនឹងឃ្លាតពីនាងហើយ ចិញ្ចៀនពេជ្រនេះ ចូរប្អូនទុកជាដំណែលរូបបងចុះបងសូមចងជាប់នឹងចិត្ដប្អូន ។
លោក សួន មានប្រសាសន៍ដូច្នេះហើយ ស៊កចិញ្ចៀនទៅក្នុងនាងដៃនាង សូយានាងរីកថ្លាមុខបនិ្ដច ។
រឿង៖ សូផាត (១១ជំពូក)
ជំពូកទី១ ជំពូកទី២ ជំពូកទី៣ ជំពូកទី៤ ជំពូកទី៥ ជំពូកទី៦ ជំពូកទី៧ ជំពូកទី៨ ជំពូកទី៩ ជំពូកទី១០ ជំពូកទី១១(ចប់)